គោលការណ៍ឯកជនភាព WA Notify

គោលការណ៍​ឯកជន​ភាព​នេះ​អនុវត្ត​ចំពោះ​កម្មវិធី WA Notify (ការ​ជូនដំណឹង​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺនៅរដ្ឋវ៉ាស៊ីនតោន) ដែល​ជា​បច្ចេកវិទ្យា​ផ្លូវការ​នៃ​ការ​ជូនដំណឹង​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​សម្រាប់​រដ្ឋ​វ៉ាស៊ីនតោន។ កម្មវិធី WA Notify ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការ​ត្រួតពិនិត្យ និង​យល់ព្រម​ពី Department of Health (DOH, ក្រសួងសុខាភិបាល) នៃ​រដ្ឋ​វ៉ាស៊ីនតោន។

តើ​ព័ត៌មានអ្វីខ្លះ​ដែល​យើង​ប្រមូល​ និង​ប្រើប្រាស់?

ទិន្នន័យខាងក្រោមអាចត្រូវបានប្រមូលនៅក្នុងកម្មវិធី WA Notify៖

  • ទាញយក ឬបើកដំណើរការកម្មវិធី WA Notify។
  • ទទួលការជូនដំណឹងអំពីការប្រឈមនឹងការឆ្លងជំងឺ។
  • ដាក់បញ្ជូនលេខកូដផ្ទៀងផ្ទាត់ ឬតំណភ្ជាប់សម្រាប់ផ្ទៀងផ្ទាត់។
  • បង្ហោះលេខកូដចៃដន្យសម្រាប់អ្នក​ប្រើប្រាស់មាន​រោគសញ្ញាវិជ្ជមា​ន ដែលបានជ្រើសរើសជូនដំណឹងទៅអ្នកដទៃ។

Department of Health (DOH, ក្រសួងសុខាភិបាល) នៃ​រដ្ឋ​វ៉ាស៊ីនតោន​ប្រើប្រាស់​ព័ត៌មាន​អំពី​ព្រឹត្តិ​ការណ៍​ខាងលើ ដើម្បី​យល់​ពី​របៀប​ដែល​កម្មវិធី WA Notify កំពុង​ត្រូវ​បាន​ប្រើប្រាស់។ ទិន្នន័យ​នេះ​អាច​ចែករំលែក​ជាមួយ DOH អង្គភាព​សុខភាព​សាធារណៈ ឬអាជ្ញាធរ​សុខភាព​ដែល​មាន​សិទ្ធិ។ គេ​ក៏អាច​ប្រើ​វា​ក្នុង​ទម្រង់​ជា​រួម​ក្នុង​គោលបំណង​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ ឬស្ថិតិ​ផង​ដែរ។ ព័ត៌មាន​នេះ​មិន​រួមបញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន ឬទីតាំង ឬនឹង​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ទេ។

កម្មវិធី WA Notify ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ឯកជន​ភាព​អ្នកប្រើ​ប្រាស់​ជាអាទិភាព​ចម្បង​បំផុត ស្របតាម​គោលបំណង​របស់​ក្រុមហ៊ុន Google និង Apple។ កម្មវិធី WA Notify បង្កើត​សមាសធាតុ​ទិន្នន័យ​ទាំងនេះ ដែល​មិន​មាន​ទិន្នន័យ​ដែល​អាច​កំណត់​អត្តសញ្ញាណ​អ្នក​បាន​ឡើយ៖

លេខកូដចៃដន្យ

  • លេខ​កូដ​ចៃដន្យ​ត្រូវ​បាន​ចែករំលែក​តាម​រយៈ​ប៊្លូ​ធូ​សរ​វាង​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify នៅពេល​ដែល​ពួក​គេ​នៅ​ជិត​គ្នា។
  • លេខកូដចៃដន្យ​ត្រូវបានបង្កើតឡើង​ និងរក្សាទុកក្នុង​ទូរសព្ទស្មាតហ្វូន​របស់អ្នក មិនមែន​រក្សាទុកដោយ​កម្មវិធី WA Notify នោះទេ​។​
  • លេខកូដចៃដន្យ​ត្រូវបានប្រើប្រាស់​គ្រាន់តែ​ដើម្បី​អនុញ្ញាតឲ្យកម្មវិធី WA Notify និង​ទូរសព្ទ​ស្មាតហ្វូន​របស់អ្នក​ផ្ទៀងផ្ទាត់មើលការប្រឈមទៅនឹង​ការឆ្លងជំងឺ​ COVID-19 ដែល​អាចកើត​មានឡើង​តែប៉ុណ្ណោះ។​
  • លេខកូដ​ចៃដន្យ​ត្រូវបានរក្សាទុក​​រយៈពេល​ 14 ថ្ងៃ​ជា​អតិបរមា។

តំណភ្ជាប់ និងលេខកូដផ្ទៀងផ្ទាត់

  • ប្រសិនបើ​អ្នកធ្វើ​តេ​ស្ត​វិជ្ជមាន​រក​ឃើញ​ជំងឺ COVID-19 ហើយ​មាន​នរណា​ម្នាក់​មក​ពី​អាជ្ញាធរ​សុខភាព​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​អ្នក​ទាក់ទង​ទៅ គេ​នឹង​សាកសួរ​ថា​តើ​អ្នក​កំពុង​ប្រើប្រាស់​កម្មវិធី WA Notify ដែរ​ឬអត់។ ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់ គេ​នឹង​ផ្ដល់​តំណ​ភ្ជាប់ ឬលេខ​កូដ​ផ្ទៀងផ្ទាត់​ឱ្យ​អ្នក ដើម្បី​ចូល​ទៅកាន់​កម្មវិធី WA Notify។
  • DOH ក៏​ផ្ញើ​ការ​ជូនដំណឹង​ជា​ផ្ទាំង​លោត​ឡើង និង​/ឬសារ​ជា​អក្សរ​ដែល​មាន​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់​ទៅ​អ្នកគ្រប់គ្នា​ដែល​ថ្មីៗនេះ​បាន​ធ្វើតេស្ត​វិជ្ជមាន​រក​ឃើញ​ជំងឺ COVID-19 ដើម្បី​ឱ្យ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify អាច​ជូនដំណឹង​យ៉ាង​រហ័ស និង​ដោយ​អនាមិក​ទៅ​អ្នកប្រើ​ប្រាស់​ផ្សេងទៀត​អំពី​លទ្ធភាព​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ។
    • ការ​ប៉ះ​លើ​ការ​ជូនដំណឹង ឬការ​ចុច​លើ​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់​របស់​អ្នក អនុញ្ញាត​ឲ្យ​ចែករំលែក​លេខ​កូដ​ចៃដន្យ​របស់​អ្នក ដើម្បីឲ្យ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ដទៃទៀត​ដែល​អ្នក​ធ្លាប់​បាន​នៅ​ជិត ទទួល​បាន​ដំណឹង​ដោយ​អនាមិក​ថា​ពួក​គេ​អាច​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ។
    • DOH ផ្ញើ​សារ​ជា​អក្សរ​ដែល​មាន​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់​ទៅ​អ្នកគ្រប់គ្នា​ដែល​ធ្វើតេស្ត​វិជ្ជមាន​រក​ឃើញ​ជំងឺ COVID-19 ព្រោះ​យើង​មិនដឹង​ថាន​រណា​ខ្លះ​ប្រើប្រាស់​កម្មវិធី WA Notify នោះ​ទេ។ ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​កម្មវិធី WA Notify អ្នក​មិន​ចាំបាច់​អើពើ​នឹង​សារ​ជា​អក្សរ​នេះ​ទេ។
    • អ្នកជា​អ្នក​សម្រេចចិត្ត​ថាត្រូវ​ប៉ះ​លើ​ការ​ជូនដំណឹង ឬចុច​លើ​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់ ដើម្បី​ជូនដំណឹង​ដោយ​អនាមិក​ទៅ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ដទៃ​ទៀ់​តឬអត់។

កំណត់​ត្រាអំពី​ការ​ប្រើប្រាស់​

  • ដូចគ្នា​ទៅ​នឹង​កម្មវិធី ឬសេវា​អ៊ីនធឺណិត​ស្ទើ​តែ​ទាំងអស់​ដែរ កម្មវិធី WA Notify បង្កើត​កំណត់ត្រា​ដោយ​ស្វ័យប្រវត្តិ នៅពេល​អ្នកប្រើ​ប្រាស់​សេវាកម្ម​នេះ។ កំណត់ត្រា​ទាំងនេះ រួមបញ្ចូល​នូវ​ព័ត៌មាន​មួយចំនួន​អំពី​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក។ យើង​ប្រើប្រាស់​ព័ត៌មាន​នេះ ដើម្បី​វិភាគ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​កម្មវិធី WA Notify។
  • កំណត់ត្រា​ទាំងនេះ​មិន​រួមបញ្ចូល​នូវ​លេខ​កូដ​ចៃដន្យ ឬតំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់ ឬលេខ​កូដ​នោះ​ទេ និង​មិន​អាច​ប្រើ​ដើម្បី​ភ្ជាប់​ប្រភេទ​លេខ​កូដ​ណាមួយ​ទៅ​អ្នក ឬទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​វិញ​ឡើយ។
  • កំណត់ត្រាទាំងនេះត្រូវបានលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល​ 14 ថ្ងៃ​ បន្ទាប់​ពីវាត្រូវបានបង្កើតឡើង​។

ទិន្នន័យវិភាគ​

  • ប្រសិនបើ​អ្នក​ជ្រើសរើស​បើក​ដំណើរការ​កម្មវិធី​វិភាគ​ទិន្នន័យ​បន្ថែម ទិន្នន័យ​រួម​ដែល​មាន​ដែន​កំណត់ នឹង​ត្រូវ​បាន​ចែករំលែក​ជាមួយ DOH ដើម្បី​ជួយ​កែ​លម្អ​កម្មវិធី​នេះ។
  • ទិន្នន័យនេះ​រួមបញ្ចូល​នូវ​ស្ថិតិ​អំពីរបៀប​ដែលគេប្រើប្រាស់​កម្មវិធីនេះ​។​ វា​មិនរួម​បញ្ចូល​ព័ត៌មាន​ណាមួយដែល​អាច​យកទៅប្រើប្រាស់​ ដើម្បីកំណត់​អត្តសញ្ញាណ​អ្នក​នោះទេ។
  • អ្នក​អាច​ជ្រើសរើស​មិនចែករំលែក​ទិន្នន័យនេះ​បាន​ ដោយ​បិទការចែករំលែក​ការវិភាគ​ទិន្នន័យ​នៅក្នុងកម្មវិធីនេះ​។​

តាម​ការរចនា កម្មវិធី WA Notify មិន​ប្រមូល​ទិន្នន័យ​ទីតាំង​ពី​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​ទេ ហើយ​មិន​ប្រមូល ឬចែករំលែក​ព័ត៌មាន​ដែល​ភ្ជាប់​អ្នក ឬទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​ទៅ​នឹង​លេខ​កូដ​ចៃដន្យ ឬលេខ​កូដ​សម្រាប់​ផ្ទៀងផ្ទាត់​នោះ​ទេ។

អ្វីដែលកើតឡើងនៅពេលអ្នកស្នើសុំលេខកូដផ្ទៀងផ្ទាត់៖

អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​រក​ឃើញ​ជំងឺ COVID-19 ដោយខ្លួនឯង​អាច​ស្នើសុំ​លេខ​កូដ​ផ្ទៀងផ្ទាត់​នៅក្នុង​កម្មវិធី WA Notify ដើម្បី​ជូនដំណឹង​ដោយ​អនាមិក​ទៅ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ផ្សេងទៀត​អំពី​លទ្ធភាព​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ។ ដើម្បី​ទទួល​បាន​លេខ​កូដ​ផ្ទៀងផ្ទាត់ អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ត្រូវតែ​បញ្ចូល​កាលបរិច្ឆេទ​នៃ​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន និង​លេខទូរសព្ទ​របស់​ខ្លួន។ អ្នក​ត្រូវតែ​ប្រើ​ឧបករណ៍​តែមួយ​ដែល​បាន​ប្រើ​ដើម្បី​ស្នើសុំ​លេខ​កូដ​នេះ​មក​បញ្ចូល​លេខ​កូដ​ផ្ទៀងផ្ទាត់ ឬចុច​លើ​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់ ដើម្បី​ជូនដំណឹង​ដោយ​អនាមិក​ទៅ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ផ្សេងទៀត​អំពី​លទ្ធភាព​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ។

ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​របាយការណ៍​ស្ទួន​អំពី​លទ្ធផល​ធ្វើតេស្ត​ដូចគ្នា កម្មវិធី WA Notify រក្សាទុក​លេខទូរសព្ទ​ដែល​បាន​ប្រើ​ដើម្បី​ស្នើសុំ​លេខ​កូដ​នេះ​ក្នុង​ទម្រង់​ជា​គ្រីប​តូ​សាស្ត្រ​ដែល​ត្រូវ​បានការ​ពារ​ជា​បណ្ដោះអាសន្ន​រហូតដល់ 90 ថ្ងៃ។ ព័ត៌មាន​នេះ​នឹង​មិន​រួមបញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន ឬទីតាំង ឬនឹង​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នកប្រើ​ប្រាស់​កម្មវិធី WA Notify ទេ។

តើ​​យើង​ចែករំលែក​ព័ត៌មាន​របស់​អ្នកនៅពេលណា​?

យើង​នឹង​មិន​ប្រមូល​ឬចែករំលែក​ព័ត៌មាន​ណាមួយ​របស់​អ្នក​ដោយស្ម័គ្រចិត្ត​ទៅ​នរណា​ម្នាក់​នោះ​ទេ លុះត្រាតែ​អ្នក​ជ្រើសរើស​បញ្ចូល​លេខ​កូដ​ផ្ទៀងផ្ទាត់ ឬចុច​លើ​តំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់។ បើ​អ្នកធ្វើ​ដូច្នោះ កម្មវិធី WA Notify នឹង​ចែករំលែក​លេខ​កូដ​ចៃដន្យ​របស់​អ្នកជា​មួយ​នឹង​ទូរសព្ទ​ស្មា​តហ្វូ​នផ្សេងទៀត​ដែល​នៅ​ជិត​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក។ នរណា​ម្នាក់​ដែល​មិន​មាន​សិទ្ធិ​ប្រើ​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​មិន​អាច​ភ្ជាប់​លេខ​កូដ ឬតំណ​ភ្ជាប់​សម្រាប់​ផ្ទៀងផ្ទាត់​ទៅ​អ្នក​វិញ​ឡើយ។ សូមពិនិត្យមើលផ្នែក “តើ​ព័ត៌មានអ្វីខ្លះ​ដែល​យើង​ប្រមូល​ និង​ប្រើប្រាស់?” នៅខាងលើនៃទំព័រនេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព័ត៌មាន​ដែល​ត្រូវ​បាន​ប្រមូល និង​ប្រើប្រាស់​នៅក្នុង​កម្មវិធី WA Notify។

តើយើង​ការពារព័ត៌មាន​របស់អ្នក​យ៉ាង​ដូចម្តេច​?

កម្មវិធី WA Notify ការពារ​លេខ​កូដ​ចៃដន្យ​ដោយ​ប្រើ Exposure Notification Framework (ក្របខណ្ឌ​កម្មវិធី​ជូនដំណឹង​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ) របស់​ក្រុមហ៊ុន Google និង Apple ដែល​រួមបញ្ចូល​លក្ខខណ្ឌ​តម្រូវ​ជាក់លាក់​ខ្លាំង​អំពី​របៀប​បំប្លែង និង​ផ្ទេរ​លេខ​កូដ​ទាំងនោះ។ កម្មវិធី WA Notify មិន​រក្សាទុក ឬបង្កើត​លេខ​កូដ​ចៃដន្យ​របស់​អ្នក​ទេ ពោល​គឺ​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នកជា​អ្នករក្សា​ទុក ឬបង្កើត​លេខ​កូដ​ចៃដន្យ​ទាំងនោះ។

សិទ្ធិរបស់អ្នក​លើព័ត៌មានរបស់អ្នក​

ដោយសារ​កំណត់ត្រា​កម្មវិធី និង​លេខ​កូដ​ផ្ទៀងផ្ទាត់ មិន​អាច​ភ្ជាប់​ទៅ​អ្នក​ដោយ​មិន​មាន​សិទ្ធិ​ប្រើ​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក នោះ DOH គ្មាន​ផ្លូវ​អាច​ចូល​ប្រើ​ព័ត៌មាន​នេះ​បាន​ឡើយ។ អាស្រ័យហេតុ​នេះ DOH មិន​អាច​ផ្ដល់​ឱ្យ​អ្នក ឬលុប​ព័ត៌មាន​នេះ ប្រសិនបើ​អ្នកស្នើ​សុំ​បានទេ។ អ្នកជា​អ្នកគ្រប់គ្រង​លើ​ការប្រើ​ប្រាស់​កម្មវិធី WA Notify។ ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​អ្នក​បិទ​ការ​ជូនដំណឹង​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ ឬលុប​កំណត់ត្រា​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ដែល​បាន​រក្សាទុក​នៅ​លើ​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​អ្នក​បាន​គ្រប់ពេល។ លើស​ពីនេះ​ទៀត អ្នក​អាច​លុប​កម្មវិធី WA Notify បាន​គ្រប់ពេល។ ប្រសិនបើ​អ្នក​លុប​កម្មវិធី រាល់​លេខ​កូដ​ចៃដន្យ​ទាំងអស់​ដែល​បាន​រក្សាទុក នឹង​ត្រូវ​លុបចោល។