បុគ្គលធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ហើយប្រឈមនឹងហានិភ័យខ្ពស់ដែលអាចនឹងឈឺធ្ងន់ អាចទទួលបានអត្ថប្រយោជន៍ពីការព្យាបាល (ការប្រើឱសថ) ជំងឺ COVID-19 ដែលមានផ្ដល់ជូន។ ការព្យាបាលទាំងនេះអាចជួយរារាំងមិនឱ្យឈឺធ្ងន់ ការចូលមន្ទីរពេទ្យ និងការបាត់បង់ជីវិតដោយសារជំងឺ COVID-19។ សូមពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន ហើយប្រឈមនឹងហានិភ័យខ្ពស់ ដោយសារការព្យាបាលត្រូវចាប់ផ្ដើមឱ្យបានទាន់ពេលវេលា ទើបមានប្រសិទ្ធភាពខ្ពស់បំផុត។ អ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកនឹងជួយកំណត់ថាតើជម្រើសឱសថមួយណាជាជម្រើសល្អបំផុតសម្រាប់អ្នកក្នុងការព្យាបាលជំងឺ COVID-19។
- COVID-19 Therapies Quick Guide (PDF) របស់យើង | មានជាភាសាច្រើនទៀត ផ្ដល់ទិដ្ឋភាពរួមនៃការព្យាបាលដែលមានផ្ដល់ជូន។
ការប្រើឱសថ/ការព្យាបាលជំងឺ COVID-19 មិនមែនជាវិធីដែលអាចជំនួសការបង្ការបានទេ។ យើងនៅតែណែនាំឱ្យអ្នកគ្រប់គ្នាដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទៅចាក់វ៉ាក់សាំង និងចាត់វិធានការផ្សេងទៀតដើម្បីបង្ការការរីករាលដាលជំងឺ COVID-19។
តើអ្វីជាការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន?
អង់ទីករគឺជាប្រូតេអ៊ីនដែលរាងកាយមនុស្សបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដូចជាវីរុសដែលបង្កជំងឺ COVID-19 ជាដើម។ អង់ទីករដែលបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ធ្វើសកម្មភាពស្ទើរតែដូចទៅនឹងអង់ទីករធម្មជាតិដែរ ដើម្បីកាត់បន្ថយចំនួនវីរុសក្នុងរាងកាយរបស់អ្នក។ គេហៅវាថា អង់ទីករម៉ូណូក្លូន។ ប្រសិនបើអ្នកប្រឈមនឹងហានិភ័យដែលអាចឈឺធ្ងន់ដោយសារជំងឺ COVID-19 ហើយបានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ឬបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុគ្គលដែលបានធ្វើតេស្តឃើញវិជ្ជមាន អ្នកគួរតែពិចារណាប្រើអង់ទីករម៉ូណូក្លូន (mAb)។ អ្នកអាចមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការព្យាបាលជំងឺ COVID-19 ដោយប្រើ mAb (bebtelovimab) អាស្រ័យលើអាយុ ប្រវត្តិសុខភាព និងរយៈពេលដែលអ្នកចេញរោគសញ្ញា។
តើអ្វីជាថ្នាំប្រូពីលឡាក់ស៊ីសបង្ការជាមុនសម្រាប់ជំងឺ COVID-19?
ថ្នាំប្រូពីលឡាក់ស៊ីសបង្ការជាមុន (PrEP) គឺជាឱសថដែលផលិតឡើងដើម្បីទប់ស្កាត់មិនឱ្យវីរុសតោងជាប់ និងចូលក្នុងកោសិកាមនុស្ស។ ខុសពីអង់ទីករម៉ូណូក្លូនផ្សេងទៀតដែលមានផ្ដល់ជូនបច្ចុប្បន្ន Evusheld គឺជាអង់ទីករធ្វើសកម្មភាពរយៈពេលវែងដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីបង្ការ ឬការពារនរណាម្នាក់មុនពេលបុគ្គលនោះប៉ះពាល់ទៅនឹងជំងឺ COVID-19 តែប៉ុណ្ណោះ។ Evusheld មិនមែនប្រើសម្រាប់ព្យាបាលរោគសញ្ញាដោយសារជំងឺ COVID-19 និងមិនផ្ដល់ឱ្យបន្ទាប់ពីប៉ះពាល់ជាមួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID-19 ទេ។ គេផ្ដល់ឱ្យដើម្បីបង្ការកុំឱ្យឆ្លង មុនពេលប៉ះពាល់ប៉ុណ្ណោះ។
- ព័ត៌មានបន្ថែម៖ បញ្ជីព័ត៌មានអំពីថ្នាំប្រូពីលឡាក់ស៊ីសបង្ការជាមុន (PDF) | មានជាភាសាច្រើនទៀត
តើអ្វីជាថ្នាំលេបប្រឆាំងវីរុស?
ការប្រើថ្នាំលេបប្រឆាំងវីរុសជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយរារាំងវីរុស SARS-CoV-2 (វីរុសដែលបង្កឱ្យមានជំងឺ COVID-19) មិនឱ្យបំបែកខ្លួន កាត់បន្ថយចំនួនវីរុសក្នុងរាងកាយ ឬជួយដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ តាមរយៈការប្រើថ្នាំ អ្នកអាចមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ និងអាចកាត់បន្ថយភាគរយដែលជំងឺរបស់អ្នកប្រែជាធ្ងន់ធ្ងរ ហើយត្រូវការថែទាំក្នុងមន្ទីរពេទ្យ។ ការប្រើថ្នាំប្រឆាំងវីរុសសម្រាប់ជំងឺ COVID-19 មានផ្ដល់ជូនអ្នកជំងឺដែលមានរោគសញ្ញាពីកម្រិតស្រាលទៅមធ្យម មិនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចេញរោគសញ្ញាបានប្រាំថ្ងៃចុះក្រោម និងប្រឈមនឹងហានិភ័យដែលអាចនឹងឈឺធ្ងន់។
- ព័ត៌មានបន្ថែម៖ បញ្ជីព័ត៌មានអំពី "តើអ្វីជាថ្នាំលេបប្រឆាំងវីរុស?" (PDF) | មានជាភាសាច្រើនទៀត
តើអ្វីជាថ្នាំចាក់ (IV) ប្រឆាំងវីរុស?
Remdesivir (ជាភាសាអង់គ្លេសប៉ុណ្ណោះ) គឺជាថ្នាំប្រឆាំងវីរុសដែល Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) បានអនុញ្ញាត និងបច្ចុប្បន្នមិនត្រូវបានចែកចាយដោយ Washington State Department of Health (WADOH, ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន)។ វាមានប្រសិទ្ធភាពដោយទប់ស្កាត់មិនឱ្យវីរុសចម្លងខ្លួនឯង (បំបែកខ្លួន)។ Remdesivir ត្រូវបានផ្ដល់តាមរយៈម្ជុលក្នុងសរសៃវ៉ែន (ចាក់តាមសរសៃវ៉ែន) ក្នុងរយៈពេលមួយដែលគេហៅថា ការចាក់បញ្ចូល IV។
Remdesivir ត្រូវបានអនុញ្ញាតសម្រាប់ការព្យាបាលមនុស្សពេញវ័យដែលមិនចូលព្យាបាលក្នុងមន្ទីរពេទ្យ និងកុមារដែលប្រឈមនឹងហានិភ័យដែលអាចនឹងកើតជំងឺ COVID-19 ធ្ងន់ធ្ងរ។ នៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2022 FDA បានពង្រីកការអនុញ្ញាតនេះដោយរួមបញ្ចូលកុមារអាយុយ៉ាងហោចណាស់ 28 ថ្ងៃដែលមានទម្ងន់យ៉ាងតិច 3 គីឡូក្រាម (ប្រហែល 6.6 ផោន) និងកុមារដែលប្រឈមនឹងហានិភ័យដែលអាចវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ទើបធ្វើឱ្យ Remdesivir ក្លាយជាការព្យាបាលដែលអនុញ្ញាតដោយ FDA ដំបូងគេសម្រាប់កុមារអាយុក្រោម 12 ឆ្នាំ។
Remdesivir គួរតែចាប់ផ្ដើមប្រើឱ្យបានឆាប់បំផុត និងក្នុងចន្លោះពេលប្រាំពីរថ្ងៃបន្ទាប់ពីចេញរោគសញ្ញា ដូច្នេះប្រការសំខាន់គឺមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់ត្រូវទាក់ទងទៅអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ខ្លួន ប្រសិនបើពួកគេមានរោគសញ្ញា និងធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19។ ការព្យាបាលត្រូវបានផ្ដល់ជាការចាក់បញ្ចូល IV បន្តបន្ទាប់ ដោយចាក់មួយថ្ងៃម្ដង ក្នុងរយៈពេលបីថ្ងៃជាប់គ្នា។
មិនមែនកន្លែងថែទាំសុខភាពទាំងអស់សុទ្ធតែអាចផ្ដល់ការព្យាបាលក្រៅមន្ទីរពេទ្យដោយប្រើថ្នាំ Remdesivir នោះទេ អ្នកជំងឺគួរតែពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ខ្លួន ដើម្បីឱ្យដឹងថាតើវាជាជម្រើសព្យាបាលដែលអាចទៅរួចឬអត់។
Remdesivir ក៏ត្រូវបានប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលចូលព្យាបាលក្នុងមន្ទីរពេទ្យ ដែលឈឺធ្ងន់ជាងដោយសារជំងឺ COVID-19 ផងដែរ។ ប្រសិនបើអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារជំងឺ COVID-19 នោះអ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកនឹងសម្រេចថាត្រូវព្យាបាលដោយប្រើ Remdesivir ឬអ្វីផ្សេងទៀត។
សំណួរចោទសួរជាញឹកញាប់
- តើអង់ទីករ mAb ជួយមនុស្សមានផ្ទុកជំងឺ COVID-19 ដូចម្ដេច?
-
ការព្យាបាលដោយប្រើអង់ទីករ mAb ដែលអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) នៃសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងពេលមានអាសន្នអាចជួយមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់ (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) សម្រាប់រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺដើម្បី៖
- កាត់បន្ថយភាគរយដែលត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យ
- ធូរស្បើយពីជំងឺ COVID-19 លឿនជាង
- តើនរណាខ្លះអាចទទួលការព្យាបាលដោយប្រើអង់ទីករ mAb?
-
អង់ទីករ mAb ត្រូវបានផលិតឡើងសម្រាប់មនុស្សដែល៖
- បានធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19
- មានរោគសញ្ញានៃជំងឺពីកម្រិតស្រាលទៅមធ្យមរយៈពេល 10 ថ្ងៃចុះក្រោម
- ប្រឈមនឹងហានិភ័យខ្ពស់ដែលអាចនឹងឈឺធ្ងន់
- តើខ្ញុំអាចចាក់វ៉ាក់សាំងជំងឺ COVID បន្ទាប់ពីទទួលការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូនបានដែរទេ?
-
ប្រសិនបើអ្នកបានទទួលការព្យាបាលដោយប្រើអង់ទីករអកម្ម (ការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន ឬប្លាស្មាសម្រាប់មនុស្សងើបពីឈឺ) បន្ទាប់ពីឆ្លងជំងឺ COVID-19 អ្នកអាចចាក់វ៉ាក់សាំងជំងឺ COVID-19 បានគ្រប់ខួបពេលវេលា បន្ទាប់ពីបញ្ចប់ការព្យាបាលរួច។ គេលែងតម្រូវឱ្យបុគ្គលនានារង់ចាំរយៈពេល 90 ថ្ងៃ បន្ទាប់ពីបញ្ចប់ការព្យាបាលដោយប្រើអង់ទីករអកម្មទៀតហើយ។
សម្រាប់សំណួរពាក់ព័ន្ធនឹងលក្ខខណ្ឌទទួលបានការព្យាបាលដោយប្រើអង់ទីករអកម្ម សូមពិគ្រោះជាមួយអ្នកផ្ដល់សេវារបស់អ្នក។
- តើធ្វើដូចម្ដេចទើបខ្ញុំអាចបង្ហាញថា ខ្ញុំបានទទួលការព្យាបាលដោយប្រើអង់ទីករម៉ូណូក្លូន?
-
អ្នកផ្ដល់សេវាវេជ្ជសាស្ត្រដែលបានព្យាបាលដោយប្រើអង់ទីករ mAb អាចផ្ដល់ឱ្យអ្នកនូវឯកសារដែលបញ្ជាក់ថាអ្នកបានទទួលការព្យាបាលនេះនៅពេលណា។
- តើនរណាខ្លះមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានថ្នាំលេបប្រឆាំងវីរុស?
-
Paxlovid៖ អ្នកជំងឺជាកុមារ និងមនុស្សពេញវ័យ (12 ឆ្នាំឡើងទៅដែលមានទម្ងន់យ៉ាងតិច 88 ផោន/40 គីឡូក្រាម) ដែលប្រឈមនឹងហានិភ័យខ្ពស់ដែលអាចវិវឌ្ឍជាជំងឺ COVID-19 ធ្ងន់ធ្ងរ រួមទាំងប្រឈមនឹងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់ផងដែរ។
Molnupiravir៖ មនុស្សពេញវ័យដែលប្រឈមនឹងហានិភ័យខ្ពស់ដែលអាចវិវឌ្ឍជាជំងឺ COVID-19 ធ្ងន់ធ្ងរ រួមទាំងប្រឈមនឹងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬស្លាប់ផងដែរ និងសម្រាប់បុគ្គលដែលមិនមានលទ្ធភាព ឬមិនសមស្របតាមក្បួនវេជ្ជសាស្ត្រក្នុងការទទួលបានជម្រើសព្យាបាលផ្សេងសម្រាប់ជំងឺ COVID-19 ដែលអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ)។
- តើការព្យាបាលត្រូវបានរ៉ាប់រងដោយ Medicaid/Children's Health Insurance Program (CHIP) ដែរទេ?
-
បាទ/ចាស។ Medicaid/Children's Health Insurance Program (CHIP, កម្មវិធីធានារ៉ាប់រងសុខភាពកុមារ) កំពុងរ៉ាប់រងថ្លៃព្យាបាល (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់ការព្យាបាលដោយប្រើអង់ទីករ mAb។ ថ្លៃរដ្ឋបាលគឺជាថ្លៃសេវាដែលអ្នកផ្ដល់សេវាថែទាំសុខភាពគិតថ្លៃក្នុងការផ្ដល់ការព្យាបាលជូនអ្នក។ សម្រាប់អង់ទីករ mAb ភាគច្រើន ចំណាយថ្លៃផលិតផលត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាលសហព័ន្ធ។
- ចុះបើខ្ញុំមិនត្រូវបានធានារ៉ាប់រង តើខ្ញុំនៅតែអាចទទួលបានការព្យាបាលសម្រាប់ជំងឺ COVID-19 ដែរទេ?
-
ការព្យាបាលជំងឺ COVID-19 ដែលទិញដោយរដ្ឋាភិបាលសហព័ន្ធត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺ។ ទោះយ៉ាងណា អ្នកផ្ដល់សេវាអាចគិតថ្លៃវិជ្ជាជីវៈ ព្យាបាល និងរដ្ឋបាលដែលរ៉ាប់រងដោយការធានារ៉ាប់រង អ្នកជំងឺ ឬកម្មវិធីសហព័ន្ធ។ ដើម្បីដឹងថាមានប្រភេទធានារ៉ាប់រងអ្វីខ្លះ នៅពេលស្វែងរកការព្យាបាល សូមពិគ្រោះជាមួយអ្នកផ្ដល់សេវារបស់អ្នក។
- តើបុគ្គលគ្មានឯកសារបញ្ជាក់អាចទទួលបានការព្យាបាលសម្រាប់ជំងឺ COVID-19 ដែរទេ?
-
បុគ្គលគ្មានឯកសារបញ្ជាក់អាចទទួលបានការរ៉ាប់រងពី Alien Emergency Medical Program (AEM, កម្មវិធីវេជ្ជសាស្ត្រក្នុងពេលមានអាសន្នសម្រាប់ជនបរទេស) (ជាភាសាអង់គ្លេសប៉ុណ្ណោះ) សម្រាប់៖
- ពេលមានអាសន្នស្របតាមលក្ខខណ្ឌដែលត្រូវបញ្ចូលក្នុងការវាយតម្លៃ និងការព្យាបាលជំងឺ COVID-19។
- មជ្ឈដ្ឋានធ្វើតេស្ត និងព្យាបាលដែលត្រូវបញ្ចូលក្នុងការថែទាំក្នុងការិយាល័យ គ្លីនិក ឬតាមប្រព័ន្ធឌីជីថល។
- សេវាដែលទទួលបានការអនុញ្ញាត។ បុគ្គលដែលធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 អាចទទួលបានការរ៉ាប់រងលើថ្លៃឱសថ និងការថែទាំផ្លូវដង្ហើម។ លទ្ធផលដែលអាចមានផ្ទុកជំងឺ COVID-19 អាចទទួលបានការរ៉ាប់រងលើថ្លៃឱសថ និងការតាមដានបន្ត។
របៀបដាក់ពាក្យសុំចូលរួមកម្មវិធី AEM
មនុស្សពេញវ័យអាយុ 19 ដល់ 64 ឆ្នាំ៖
- តាមអ៊ីនធឺណិត៖ ចូលមើល Washington Healthplanfinder
- តាមកម្មវិធីទូរសព្ទ៖ ទាញយកកម្មវិធី WAPlanfinder
- លេខទូរសព្ទ៖ 1-855-923-4633
មនុស្សពេញវ័យអាយុ 65 ឆ្នាំឡើងទៅ ពិការភ្នែក ពិការអវយវៈ ឬត្រូវការសេវារយៈពេលវែង៖
- តាមអ៊ីនធឺណិត៖ Washington Connection (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ)
- លេខទូរសព្ទ៖ 1-877-501-2233
ទទួលការព្យាបាលសម្រាប់ជំងឺ COVID-19
កម្មវិធី Test to Treat (ធ្វើតេស្តដើម្បីព្យាបាល) (ជាភាសាអង់គ្លេសប៉ុណ្ណោះ) អាចផ្ដល់លទ្ធភាពព្យាបាលជំងឺ COVID-19 ដើម្បីសង្គ្រោះជីវិតបានលឿនជាង និងងាយស្រួលជាង។ ប្រសិនបើអ្នកធ្វើតេស្តឃើញវិជ្ជមាន អ្នកអាចទៅជួបអ្នកផ្ដល់សេវាថែទាំសុខភាព (នៅនឹងកន្លែង ឬការថែទាំសុខភាពតាមប្រព័ន្ធឌីជីថល) ហើយបើមានលក្ខខណ្ឌគ្រប់គ្រាន់ អ្នកទទួលបានវេជ្ជបញ្ជាឱ្យទទួលថ្នាំលេបប្រឆាំងវីរុស និងបើកថ្នាំតាមវេជ្ជបញ្ជានៅទីតាំងតែមួយ។
សូមចូលមើលទំព័រស្វែងរកទីតាំង Test to Treat ឬទូរសព្ទទៅលេខ 1-800-232-0233 (TTY 1-888-720-7489) ដើម្បីទទួលបានជំនួយជាភាសាអង់គ្លេស អេស្ប៉ាញ និងជាង 150 ភាសាផ្សេងទៀត។ មជ្ឈមណ្ឌលហៅទូរសព្ទបើកដំណើរការពីម៉ោង 8 ព្រឹកដល់ពាក់កណ្ដាលយប់ ម៉ោងនៅតំបន់បូព៌ា (ET) 7 ថ្ងៃក្នុងមួយសប្ដាហ៍ ហើយនឹងជួយអ្នកស្វែងរកទីតាំងនៅជិតអ្នក។
ធនធានសម្រាប់បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង
បុគ្គលមិនត្រូវបានធានារ៉ាប់រងដែលត្រូវការការព្យាបាលជំងឺ COVID-19 ឬការរ៉ាប់រងថ្លៃថែទាំសុខភាពផ្សេងទៀតអាចចូលទៅ៖
- ចុះឈ្មោះចូលរួមកម្មវិធី Medicaid (ជាភាសាអង់គ្លេសប៉ុណ្ណោះ)
- ចុះឈ្មោះចូលរួមទីផ្សារថែទាំសុខភាព
- ធ្វើតេស្តរកមើលជំងឺ COVID-19 ដោយឥតគិតថ្លៃក្នុង COVIDtests.gov
- ធ្វើតេស្តរកមើលជំងឺ COVID-19 ដោយឥតគិតថ្លៃក្នុងកម្មវិធី Say Yes! COVID TEST
បុគ្គលមិនត្រូវបានធានារ៉ាប់រងក៏អាចស្វែងរកសេវាក្នុងគ្លីនីកជាច្រើនដែលជាផ្នែកមួយនៃ Federally Qualified Health Centers (FQHC មណ្ឌលសុខភាពដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមសហព័ន្ធ)៖
- Community Health Association of Spokane ក្នុងទីក្រុង Spokane
- Sea Mar Community Health Center (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ក្នុងទីក្រុង Seattle
- Columbia Basin Health Association (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ក្នុងទីក្រុង Othello
- International Community Health Services ក្នុងទីក្រុង Seattle
- Moses Lake Community Health Center ក្នុងទីក្រុង Moses Lake
- Neighborcare Health ក្នុងទីក្រុង Seattle
- Family Health Centers (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ក្នុងទីក្រុង Okanogan
- Downtown Public Health Center (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ក្នុងទីក្រុង Seattle
- Yakima Neighborhood Health Services (ជាភាសាអង់គ្លេស និងអេស្ប៉ាញប៉ុណ្ណោះ) ក្នុងទីក្រុង Yakima
- Yakima Valley Farm Workers Clinic ក្នុងទីក្រុង Toppenish
- Healthpoint ក្នុងទីក្រុង Auburn
ត្រូវការជំនួយក្នុងការស្វែងរកកន្លែងទទួលឱសថមែនទេ? សូមទូរសព្ទទៅលេខ 1-800-232-0233 (TTY 888-720-7489) ដើម្បីស្វែងរកគេហទំព័រ Test to Treat (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
ធនធានបន្ថែម
ខ្សែទូរសព្ទបន្ទាន់របស់រដ្ឋសម្រាប់ជំងឺ COVID-19 មានផ្ដល់ជូនសម្រាប់ឆ្លើយសំណួរបន្ថែម។ ព័ត៌មានអំពីខ្សែទូរសព្ទបន្ទាន់មាននៅលើទំព័រ “ទាក់ទងមកយើង”។
សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលជំងឺ COVID-19 សូមចូលមើលទំព័រអំពីការព្យាបាលជំងឺ COVID-19 របស់ Centers for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ)។